សមត្ថកិច្ចឥណ្ឌាបានចាប់ខ្លួនសិស្សមហាវិទ្យាល័យចំនួន ១០ រូប ក្រោយពីចាប់បានថាពួកគេលេងហ្គេម PUBG នៅលើទូរសព្ទ។ យ៉ាងណាក្ដីសិស្សទាំង ១០ នាក់បានគេដោះលែងវិញ ក្រោយពីមានការធានាចេញនៅថ្ងៃទី ១៤ ខែមីនា។
គួរដឹងថារដ្ឋ Gujarat ក្នុងប្រទេសឥណ្ឌា បានចេញច្បាប់ហាមឃាត់មិនឲ្យលេង PUBG កាលពីសប្ដាហ៍មុន ដោយបារម្ភថាហ្គេមនេះធ្វើឲ្យអ្នកលេងញៀនខ្លាំង និងមានបង្ហាញអំពើហិង្សាច្រើនផងដែរ។
ហ្គេម PUBG នៅតែអាចលេងបានស្របច្បាប់នៅទូទាំងប្រទេសឥណ្ឌា លើកលែងតែរដ្ឋ Gujarat មួយតែប៉ុណ្ណោះ។ ការហាមឃាត់នេះក្រោយពីមានការត្អូញត្អែរពីសំណាក់អាណាព្យាបាល និង អ្នកជំនាញផ្នែកអប់រំ ដោយយល់ថា PUBG មានបង្ហាញអំពើហិង្សាច្រើន និងធ្វើឲ្យសិស្សមិនអាចផ្ចង់អារម្មណ៍លើការសិក្សា។
យ៉ាងណាក្ដី Fortnite ដែលជាគូប្រជែងរបស់ PUBG មិនប្រឈមនឹងការហាមឃាត់នេះឡើយ។ ហេតុផលអាចមកពី Fortnite មិនសូវហិង្សាខ្លាំងដូច PUBG ហើយការទាញយកហ្គេមនេះមិនងាយស្រួលនោះទេ ដោយត្រូវទាញយកពីវិបសាយរបស់ហ្គេមផ្ទាល់៕
credit: sabay



0 Comments