នាយកគ្រប់គ្រងការលក់រាយរបស់ក្រុមហ៊ុន Apple លោកស្រី Angela Ahrendts ត្រូវបានគេដឹងថានឹងចាកចេញ ពីដំណែងដ៏ធំរបស់ខ្លួនក្នុងក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះ ក្នុងខែមេសាឆ្នាំនេះ។ លោកស្រី បានចូលរួមជាមួយក្រុមហ៊ុនផ្លែប៉ោមនេះ កាលពីរដូវផ្ការីក ឆ្នាំ ២០១៤ ដែលកាលនោះលោកស្រីផ្លាស់ពីដំណែង CEO នៃក្រុមហ៊ុនសំលៀកបំពាក់ដ៏ល្បីបំផុតមួយក្នុងលោកគឺ Burberry។
បើតាមព័ត៌មានបន្ថែម អ្នកដែលនឹងមកជំនួសដំណែងលោកស្រី Angela Ahrendts នេះគឺជាប្រធានផ្នែកធនធានមនុស្សនៅ Apple ផ្ទាល់គឺលោកស្រី Deirdre O'Brien ដែលនឹងទទួលភារកិច្ចគ្រប់គ្រងការលក់រាយ និងលក់លើអ៊ីនធឺណិតរបស់ Apple ហើយក៏នៅកាន់ការងារធនធានមនុស្សចាស់ដដែលផងដែរ។ សូមបញ្ជាក់ផងដែរថា លោកស្រី Deirdre O'Brien បានធ្វើការជាមួយ Apple ជាង ៣០ ឆ្នាំមកហើយ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺគេហទំព័ររបស់ Apple បានដាក់រូបលោកស្រី Deirdre O'Brien នៅក្នុងទំព័រអ្នកដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ដោយមានដំណែងជា Senior Vice President of Retail and People ដែលអាចឲ្យគេដឹងថាលោកស្រី Angela Ahrendts បានចុះចេញពីដំណែងភ្លាមៗតែម្ដង ព្រោះដំណែងលោកស្រីចាស់គឺជា Senior Vice President of Retail ។
សូមបញ្ជាក់ផងដែរថា លោកស្រី Angela Ahrendts គឺជាបុគ្គលដែលមានសមត្ថភាពខ្ពស់ និងមានឥទ្ធិពលម្នាក់នៅក្នុងវិស័យជំនួញមិនថាទាំងផ្នែកម៉ូតសំលៀកបំពាក់ ឬក៏ខាងបច្ចេកវិទ្យានោះទេ។ សូម្បីតែ CEO របស់ Saleforce លោក Marc Benioff ក៏បានបញ្ចេញមតិកាលឆ្នាំ ២០១៤ ពេលលោកស្រី Angela Ahrendts ទើបតែចូលក្នុង Apple ដែរថា លោក Tim Cook ជា CEO របស់ Apple ដែលសម្រេចរើសយកលោកស្រី Angela Ahrendts មកធ្វើការគឺជាការសម្រេចចិត្តសំខាន់បំផុត ដែល Tim Cook ធ្លាប់បានធ្វើ។
យ៉ាងណាមិញ បន្ទាប់ពីការចាកចេញនេះ លោកស្រី Angela Ahrendts ក៏បានបង្ហើបពីការប៉ុនប៉ងចូលប្រឡូកក្នុងវិស័យសំលៀកបំពាក់វិញដែរ ដោយបានប្រាប់ទស្សនាវដ្ដី Vogue ថា "មានរឿងមួយចំនួនក្នុងវិស័យម៉ូតសំលៀកបំពាក់ដែលខ្ញុំនឹក។ ខ្ញុំបានធំធាត់នៅក្នុងវិស័យនោះ ហើយខ្ញុំដឹងនូវរាល់អ្វីទាំងអស់ ដែលគួរតែដឹងអំពីវា " ។

0 Comments