បណ្ដាញសង្គមយក្សធំមួយក្នុងចំនោមបណ្ដាញសង្គមធំៗ ដែលមានអ្នកលេងជាច្រើនហៅថា IG ឬមកពីពាក្យពេញថា Instagram បានធ្វើឲ្យមានរឿងធំម្ដងទៀតហើយ ហើយវាក៏មិនមែនជារឿងថ្មីដែរជុំវិញបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញសង្គមយក្សស្ថិតក្រោមការគ្រប់គ្រប់របស់ Facebook មួយនេះ។ ដោយយោងតាមប្រភពព័ត៌មានផ្លូវការបានចេញផ្សាយឲ្យដឹងថា Instagram បានធ្វើឲ្យបែកធ្លាយនូវលេខកូដសម្ងាត់ (Password) របស់អ្នកប្រើប្រាស់របស់ខ្លួន ដោយមូលហេតុបញ្ហា Bug។
ប្រភពដដែលបានបន្តឲ្យដឹងថា បញ្ហាបែកធ្លាយលេខកូដសម្ងាត់មួយនេះ គឺមិនបះពាល់ទ្រង់ទ្រាយធំ ដែលពិបាកនឹងធ្វើការទប់ស្កាត់នោះទេ ផ្ទុយទៅវិញគឺមានគណនីតិចតួចបំផុត ដែលត្រូវបានបែកធ្លាយលេខកូដសម្ងាត់ ដើម្បីចូលលេង (Login) នេះ ដោយចំនួនតិចតួចនោះ គឺមានតែម្ចាស់គណនីដែលបានប្រើប្រាស់ Tool ឬកម្មវិធី (App) សម្រាប់ Download យកព័ត៌មាន ឬទិន្នន័យពាក់ព័ន្ធទៅនឹងគណនីរបស់ពួកគេចេញពីបណ្ដាញសង្គមតែប៉ុណ្ណោះ ជាជាងអង្គុយប្រមូលទិន្នន័យទាំងនោះរាប់ម៉ោង ដោយរួមបញ្ចូល រូបភាព វីដេអូ ឬ File ឯកសារជាដើម។ ជុំវិញបញ្ហានេះ ក្រុមការងាររបស់ IG ក៏បានប្រកាសក្ដែងៗផងដែរថា បញ្ហាជុំវិញការប្រើប្រាស់មុខងារទាញយកទិន្នន័យនេះ ត្រូវបានដោះស្រាយបានជាផ្លូវការ 100% ហើយ ដោយរាល់ Password ដែលបានបែកធ្លាយត្រូវបានបិទមិនឲ្យមើលឃើញទាំងអស់ ចំណែកអ្នករកគ្រោះក៏ត្រូវបានក្រុមការងារ Instagram ទាក់ទង និងបានប្រាប់ជាដំណឹង ដើម្បីឲ្យពួកគេផ្លាស់ប្ដូរលេខកូដសម្ងាត់ផងដែរ។
រឿងនេះសម្រាប់ស្រុកខ្មែរអាចថាមានតិចតួច តែវាអាចនឹងកើតមានឡើងសម្រាប់ប្រិយមិត្តមួយណា ដែលបានប្រើប្រាស់មុខងារទាញយកទិន្នន័យពាក់ព័ន្ធទៅនឹងគណនីរបស់ខ្លួនតែប៉ុណ្ណោះ ដូច្នេះបើអ្នកធ្លាប់បានប្រើប្រាស់មុខងារនេះ មិនថាពេលថ្មីៗកន្លងទៅនេះ ឬយូរមកហើយនោះ គប្បីធ្វើការផ្លាស់ប្ដូរលេខកូដសម្ងាត់របស់អ្នកភ្លាមទៅល្អជាជាង។ ម្យ៉ាង ដើម្បីឲ្យគណនីរបស់អ្នកកាន់តែមានសុវត្ថិភាពខ្ពស់ជាងនេះទៅទៀតនោះ Cambo Report សូមផ្ដាំផ្ញើរឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់នូវមុខងារ Two-Factor Authentication ដើម្បីទទួលបាននូវប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ព្រោះបើមានជនខិលខូចលួចចូលគណនីរបស់អ្នក អ្នកនឹងទទួលបានការរាយការណ៍ជាដំណឹងតាមការកំណត់ ហើយសម្រាប់ខ្ញុំ ខ្ញុំដាក់លេខទូរស័ព្ទផ្ទាល់ខ្លួនកុំឲ្យគេលួចចូលបាន។


0 Comments