មួយរយៈពេលចុងក្រោយនេះ យើងបានឃើញក្រុមហ៊ុនមួយចំនួន ងាកមកប្រណាំងប្រជែងគ្នាលើការផលិតស្មាតហ្វូន ឬថេប្លេត ដែលអាចកាច់បត់អេក្រង់បង្ហាញរូបភាពបាន ដើម្បីងាយស្រួលសម្រាប់អ្នកប្រើប្រាស់ នៅពេលពួកគេអាចប្រើប្រាស់ថេប្លេតដែលមានអេក្រង់ធំៗ និងអាចបត់អេក្រង់មកទំហំប៉ុនស្មាតហ្វូនវិញបែបនេះ ព្រោះវាងាយស្រួលដាក់ក្នុងហោប៉ៅ។
មុនក្រុមហ៊ុន Samsung ដាក់បង្ហាញប្រភេទឧបករណ៍នេះមួយថ្ងៃ ក្រុមហ៊ុនចិនមួយ បានដាក់បង្ហាញប្រភេទឧបករណ៍ដែលអាចបត់អេក្រង់មួយដែរ តែការបត់បែនរបស់វា ហាក់ដូចជាមិនទំនងសោះ លុះដល់ថ្ងៃ Samsung ដាក់បង្ហាញស្មាតហ្វូនបត់បានម្តង ទើបនាំគ្នាភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែពួកគេគ្រាន់តែបង្ហាញរូបរាងតិចតួចប៉ុណ្ណោះ មិនទូលំទូលាយនោះទេ។
ទើបមកដល់ពេលនេះ មានលេចឮព័ត៌មានមួយទៀត អំពីក្រុមហ៊ុន Huawei ដែលគ្រោងដាក់បង្ហាញពីឧបករណ៍របស់ពួកគេមួយម៉ូឌែលដែរ ដែលនោះជាស្មាតហ្វូន ឬថេប្លេត ដែលអាចបត់អេក្រង់បាន ជាពិសេសវា Support ប្រព័ន្ធទូរសព្ទ 5G ទៀតផង ដោយគេរំពឹងទុកថា ក្រុមហ៊ុននេះ នឹងដាក់បង្ហាញឧបករណ៍នេះ នៅក្នុងព្រឹត្តិការណ៍ MWC នាដើមឆ្នាំក្រោយ បន្ទាប់ពីមានការបញ្ជាក់ពីលោកនាយកប្រតិបត្តិរបស់ Huawei រួចមក។
នេះពិតជាដំណឹងល្អមួយ ដែលអាចឲ្យយើងបានដឹងពី បច្ចេកវិទ្យាស្មាតហ្វូន និងថេប្លេតនាពេលបច្ចុប្បន្ននេះ កាន់តែជឿនលឿន និងរហ័សមែនទែន ហើយយើងនឹងបានឃើញឧបករណ៍ប្រើប្រាស់ដូចជា ថេប្លេត និងស្មាតហ្វូន ទំនើបៗជាងនេះ នាពេលអនាគតដ៏ឆាប់ខាងមុខនេះ ដូចដែលយើងបានឃើញនៅក្នុងខ្សែភាពយន្តបែបវិទ្យាអញ្ចឹងដែរ។
credit:cambo report


0 Comments