ការថតរូបឲ្យបានស្អាត ទាក់ភ្នែកអ្នកទស្សនា តម្រូវធ្វើកិច្ចការមួយចំនួន ហើយចំណុចសាមញ្ញបំផុត ក្នុងការពង្រឹងគុណភាពរូប គឺថតរូប Subject ដែលគួរឲ្យចាប់អារម្មណ៍។ ចុះមានអ្វីលើសពីនេះទៀត?
១) ជ្រើសរើស Subject ចាប់អារម្មណ៍
អាចរកបានគ្រប់ទីកន្លែង ដូចជាទិដ្ឋភាពខ្យល់ព្យុះ ដងផ្លូវ ឬផ្កាក្នុងសួនច្បារ។ ត្រឹមកាន់កាមេរ៉ាដើរតាមដងផ្លូវលេងៗក្បែរអ្នកជិតខាង ប្រាកដជាឃើញអ្វីមួយដែលចាប់អារម្មណ៍ អាចថតបាន។
២) យកចិត្តទុកដាក់លើគុណភាពពន្លឺ
- កម្រិតពណ៌
ភាគច្រើន យើងចូលចិត្តទិដ្ឋភាពមានពន្លឺស្រទន់ ដែលធម្មតាកើតមាននៅពេលថ្ងៃរះ និងលិច ហើយក៏ជាហេតុផល អ្នកថតរូបទេសភាពជាច្រើនចាប់ឱកាសនាពេលនេះដែរ។ ពណ៌រូបភាព អាចកែប្រែតាមរយៈ White Balance Setting លើកាមេរ៉ាបាន ហើយបើថតរូបប្រើ Flash អាចប្រើប្លាស្ទិកថ្លាពណ៌មាសដាក់ពីលើ Flash ដើម្បីបង្កើតជាពន្លឺស្រទន់។
- ពន្លឺស្រាល និងខ្លាំង
ពន្លឺស្រាលបង្កើតស្រមោលស្រទន់ បានពីការប្រើបន្ទះស្តើងនៅចន្លោះរវាងពន្លឺ និង Subject ល្អបំផុតសម្រាប់រូបភាពភាគច្រើន រួមទាំង Portrait។ ពន្លឺខ្លាំង បង្កើតស្រមោលខ្លាំង បានពីពន្លឺធម្មជាតិតែម្តងពេលថ្ងៃត្រង់ អាចប្រើស្រមោលខ្លាំងនោះជាប្រយោជន៍សម្រាប់រូបភាពអ្នកបាន។
៣) ចាប់ប្លង់រូបភាព
ពេលថតរូប ងាយស្រួលបំផុតតម្រង់ ហើយថត ប៉ុន្តែគួរចំណាយពេលបន្តិចចាប់អារម្មណ៍ពីបច្ចេកទេសចាប់ប្លង់ដូចជា៖
- Rule of Thirds៖ មានបន្ទាត់ឆ្នូតបង្ហាញលើអេក្រង់ កំណត់ផ្ទៃរូបភាពជា ៩ ផ្នែក ហើយពេលថតរូបអាចដាក់ Subject ស្ថិតនៅចំណុចប្រសព្វណាមួយបាន ដើម្បីទាញចំណាប់អារម្មណ៍ពីចក្ខុអ្នកទស្សនា។
- Golden Triangle៖ កំណត់រូបភាពទៅជាបីត្រីកោណ ដោយដាក់ចំណុចសំខាន់នៃរូបភាព ស្ថិតនៅត្រង់តំបន់មានមុំដូចគ្នា។
- Leading Lines និង Converging Lines៖ អាចទាញការចាប់អារម្មណ៍អ្នកមើលចូលទៅកាន់រូបភាព ដូចជារូបភាពផ្លូវ ឬស្ពាន ប៉ុន្តែគួរជៀសវាងទិដ្ឋភាពបង្ហាញផ្លូវចេញពីរូប។
- Fibonacci Spiral ឬ Golden Spiral៖ ថតរូប Subject មានធាតុចូលរួមអាចតម្រៀបជាវង់ ដោយមានចំណុចកោងអាចទាញចំណាប់អារម្មណ៍អ្នកមើលបានយ៉ាងល្អ។
៤) ពិនិត្យមើលកម្រិតពន្លឺ
ពេលថតរូប គួរពិនិត្យមើលរូបបង្ហាញលើអេក្រង់ LCD កំណត់ពីកម្រិតពន្លឺត្រឹមត្រូវ មិនឲ្យងងឹត ឬភ្លឺពេក។ ត្បិតថា កាមេរ៉ាទំនើបៗសម័យនេះ មានប្រព័ន្ធវាយតម្លៃកម្រិតពន្លឺស្វ័យប្រវត្តិ ប៉ុន្តែមិនតែងតែបង្ហាញបានត្រឹមត្រូវនោះទេ។ លើកាមេរ៉ាភាគច្រើនមាន Tools អាចជួយវាយតម្លៃកម្រិតពន្លឺរូបភាពបាន ដោយប្រើ Highlight Warning និង Histogram។
អ្នកអាចកែប្រែកម្រិតពន្លឺរបស់រូបភាព ជាមួយនឹងការកែប្រែ Exposure Compensation ដោយផ្នែកអវិជ្ជមានបន្ថយពន្លឺរូបភាព និងវិជ្ជមានបន្ថែមពន្លឺរូបភាព។ យ៉ាងណាមិញ សាមញ្ញបំផុត អាចកំណត់កម្រិតពន្លឺរូបភាពភ្លឺតាមដែលអាចទៅរួច ដោយមិនមានចំណាំងខ្លាំង ហើយកែប្រែរូបលើកុំព្យូទ័រឲ្យងងឹតបន្តិច បើត្រូវការ។
៥) កាត់បន្ថយការរង្គើតួកាមេរ៉ា
រូបភាពព្រាលអាចជាបញ្ហា ជាពិសេសបើថតកាន់នឹងដៃផ្ទាល់ ហើយគន្លឹះសំខាន់ក្នុងការបញ្ចៀសបញ្ហានេះ អាចប្រើ Shutter Speed ល្បឿនលឿន ឬ ប្រើឧបករណ៍ទប់លំនឹងជំនួយ Tripod។
ដើម្បីប្រាកដថា Shutter Speed លឿន អាចកំណត់កាមេរ៉ាប្រើ Shutter Priority Shooting Mode។ ល្បឿន Shutter Speed ពិតប្រាកដត្រូវការប្រើអាស្រ័យលើរបៀបដែលអ្នកកាន់កាមេរ៉ា ដោយគួរដាក់កាមេរ៉ាប្រឈមនឹងភ្នែក ប្រើដៃទាំងពីរក្តោបកាមេរ៉ា ហើយរុញកែងដៃអបនឹងពោះ ឬទ្រូង ដើម្បីជំនួយដល់ការទប់លំនឹង។
បើប្រើ Shutter Speed លឿនផលិតរូបភាពនៅទីងងឹត គួរសាកបង្កើនកម្រិត ISO របស់កាមេរ៉ា ឬប្រើ Aperture ធំជាងមុន។ ធ្វើបែបនេះ នឹងអាចទទួលបានពន្លឺបន្ថែមជួយដល់ Sensor របស់កាមេរ៉ា ដោយមិនចាំបាច់កាត់បន្ថយល្បឿន Shutter Speed។ បើថតរូបមនុស្ស ឬវត្ថុក្បែរៗ ក៏អាចប្រើ Flash ផ្តល់ពន្លឺគ្រប់គ្រាន់សម្រាប់ Shutter Speed លឿនបានដែរ។
ជម្រើសផ្សេងទៀត ដើម្បីបង្កើនល្បឿន Shutter Speed គឺប្រើ Tripod ឬ អាចដាក់កាមេរ៉ាលើទីតួដូចជា តុជាដើម។ គួរប្រាកដថាកាមេរ៉ាដាក់ភ្ជាប់នឹង Tripod បានត្រឹមត្រូវ ហើយប្រើខ្សែកាស ឬមុខងារ Self Timer ដើម្បីបញ្ជាថតរូប។ ការធ្វើបែបនេះ កាមេរ៉ានឹងលែងមានអ្វីបង្កឲ្យរង្គើ ពេលថត៕
credit: sabay








0 Comments